ប្រជាពលរដ្ឋនៅស្រុកកៀនស្វាយចោទក្រុមហ៊ុនមួយថាចាក់ដីលុបបឹងធម្មជាតិ
ដោយ សុខ សេរី
2010-04-28
ប៉ុន្តែភាគីក្រុមហ៊ុនបានឆ្លើយបំភ្លឺវិញថា ពុំមែនដូច្នោះទេ។ ពួកគេគ្រាន់តែលើកទំនប់ទឹកលើបឹងនោះ ឲ្យខ្ពស់ថែមទៀត ដើម្បីស្តុកទឹកសម្រាប់ឲ្យកម្មកររោងចក្រកាត់ដេរប្រើប្រាស់ នៅក្នុងរដូវប្រាំង។
ប្រជាពលរដ្ឋ នៅក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងថា ពួកគាត់កំពុងតែមានការព្រួយបារម្ភ អំពីក្រុមហ៊ុនឯកជនមួយ កំពុងតែឈូសឆាយដីធ្លី ដើម្បីលុបបឹងធម្មជាតិធំមួយ ដែលនឹងធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើនរយគ្រួសារ ប្រឈមមុខនឹងការបាត់បង់ប្រភពទឹកនៅរដូវប្រាំង និងមានគ្រោះទឹកជំនន់លិចភូមិនៅក្នុងរដូវវស្សា។
មន្ត្រីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន បញ្ជាក់ថា ក្រុមហ៊ុនគ្មានផែនការណាមួយ លុបបឹងធម្មជាតិនោះទេ គឺគេឈូសឆាយកដីធ្លីនោះ ដើម្បីលើកទំនប់ទឹកលើបឹងនោះ ឲ្យខ្ពស់ថែមទៀត ដើម្បីស្តុកទឹកសម្រាប់ឲ្យកម្មកររោងចក្រកាត់ដេរប្រើប្រាស់ នៅក្នុងរដូវប្រាំង។
ប្រជាពលរដ្ឋនៅក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាពលរដ្ឋ មានការព្រួយបារម្ភ ខ្លាចក្រែងបឹងធម្មជាតិធំមួយនោះ នឹងត្រូវបានក្រុមហ៊ុនឯកជនលុបដី ដែលនឹងញាំងឲ្យបាត់បង់ប្រភពទឹក ដើម្បីស្រោចស្រពដំណាំចម្ការ នៅក្នុងរដូវប្រាំង។
គាត់មានប្រសាសន៍ពិស្ដារថា ៖ «អត់មានកន្លែងសម្រាប់ប្រជាជន មានទឹកសម្រាប់ប្រើប្រាស់ ស្រោចស្រពដំណាំហ្នឹងផង។ វាបាត់បង់ដីរបស់ប្រជាជននៅក្នុងភូមិហ្នឹងផង ដែលជាដីធ្លាប់ធ្វើភោគលាភ បង្កបង្កើនផង។ ហើយយើងអត់ចង់ឲ្យបាត់ទេ ហើយទី២ វាជាដីដែលធ្វើភោគលាភ របស់យើងហ្នឹងបាទ»។
បឹងធម្មជាតិនោះ គេបានប៉ាន់ស្មានថា មានទំហំទទឹងរវាង ៣០០ម៉ែត្រ ទៅ៤០០ម៉ែត្រ និងបណ្ដោយប្រវែងច្រើនពាន់ម៉ែត្រ នៅជាប់ទន្លេមេគង្គ តាមបណ្ដោយផ្លូវជាតិលេខ១។ តំណាងប្រជាពលរដ្ឋតវ៉ា និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងតំណាងក្រុមហ៊ុនឯកជន ធ្លាប់បានជួបប្រជុំគ្នារួចម្ដងទៅហើយ ដោះស្រាយរឿងនេះ ប៉ុន្តែមិនទាន់មានការចុះសំរុងគ្នា។
ប្រជាពលរដ្ឋមួយគ្រួសារទៀត ដែលរស់នៅក្បែរបឹងធម្មជាតិ បានថ្លែងថា ប្រជាពលរដ្ឋច្រើនរយគ្រួសារ រស់នៅអាស្រ័យលើប្រភពទឹកបឹងធម្មជាតិនោះ យូរយាមកហើយ ៖ «បឹងហ្នឹងជាអាងស្តុកទឹក នៅពេលរដូវវស្សាទៅ ទឹកដក់នៅហ្នឹង ជៀសវាង ឬបញ្ចៀសការលិចលង់ផលដំណាំខាងមាត់លើនេះ។ ទី២ គឺនៅរដូវប្រាំង ប្រជាជនបូមទឹកហ្នឹង យកមកស្រោចដំណាំ។ តែយើងខ្ញុំបានធ្វើការប្ដឹងផ្ដល់រឿងហ្នឹងតាមរយៈលោកមេឃុំ។ គេទប់បិតជិតហើយ គេអត់ឲ្យមានទឹកហូរចូលក្នុងបឹងហ្នឹងបានទេ»។
សុខ សេរី ៖ ចុះខែប្រាំង។ ប្រជាពលរដ្ឋ ៖ ដល់តែខែប្រាំង ប្រជាជនត្រូវការបូមទឹកស្រោចដំណាំអី អត់បូមបានតែ ពីព្រោះ បឹងហ្នឹងជារបស់គេទៅហើយ។
វិទ្យុអាស៊ីសេរី បានទាក់ទងមេឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លោក ហោ វែងណៃ អំពីការព្រួយបារម្ភរបស់គ្រួសារទាំងនោះ លោកបានមានប្រសាសន៍ថា គ្មានផែនការលុបបឹងនោះទេ។
លោកបន្តថា ៖ «តាមពិត គាត់ព័ទ្ធទំនប់ ហើយនឹងជីកយកទឹកបម្រើឲ្យរោងចក្រ។ ឃើញគេព័ទ្ធទំនប់ស្មានតែគេជីក។ គេព័ទ្ធទំនប់ ដើម្បីឲ្យហើយទៅ ហើយគេយកអី ជីកឲ្យបានជ្រៅទៅ ដើម្បីឲ្យមានទឹកផ្គត់ផ្គង់ឲ្យរោងចក្រ»។
ជាមួយគ្នានេះ លោក សៅ សេរីមុន្នី តំណាងក្រុមហ៊ុនឯកជន ដែលប្រជាពលរដ្ឋបានស្គាល់លោកថា ជារដ្ឋលេខាធិការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍បំភ្លឺថា កូនប្រុសរបស់លោក មានរោងចក្រកាត់ដេរចំនួន ៣រោងចក្រ នៅទីនោះ ដែលមានកម្មករកាត់ដេរ ចំនួនជិត៤០០០នាក់ធ្វើការងារ។ ក្រុមហ៊ុននេះ គ្មានផែនការលុបបឹងទេ ប៉ុន្តែលើកទំនប់លើបឹងនោះ ដើម្បីស្តុកទឹកនៅរដូវប្រាំង សម្រាប់កម្មករប្រើប្រាស់។
លោកមានប្រសាសន៍បន្តថា ៖ អារឿងបឹងហ្នឹង ពូអត់មានលុបទេ យល់ទេ គឺជីកថែម ហើយទន្ទឹមនឹងជីកថែមហ្នឹង គឺពូទប់សព្វថ្ងៃហ្នឹង វាអត់គោកទេ ពីព្រោះថ្ងៃទី១៥ ខែ៥ហ្នឹង ចាប់ភ្លៀងហើយ។ ពូមិនលុបឯណា។ ឥឡូវធ្វើក្រវាត់ឲ្យខ្ពស់ ដើម្បីបានទឹកច្រើន"។
កន្លងមក នៅតាមបណ្ដាខេត្តមួយចំនួន ប្រជាពលរដ្ឋតែងតែតវ៉ាថា បឹងធម្មជាតិ ត្រូវបានអាជ្ញាធរមូលដ្ឋានបានលក់ឲ្យក្រុមហ៊ុនឯកជន ដើម្បីកាន់កាប់ជាកម្មសិទ្ធិឯកជនផ្ដាច់មុខ ដែលញាំងឲ្យគ្រួសារ ប្រជាពលរដ្ឋ គ្មានប្រភពទឹកប្រើប្រាស់ សម្រាប់ស្រែចម្ការ និងនេសាទត្រី សម្រាប់ជីវភាពប្រចាំថ្ងៃ៕
No comments:
Post a Comment