Saturday, May 8, 2010

អាជ្ញាធរ​រារាំង​មិន​ឲ្យ​បញ្ចាំង​ខ្សែ​ ភាពយន្ត​រឿង​សម្លាប់ ជា វិជ្ជា

2010-05-02

ការ​ប៉ុន​ប៉ង​បញ្ចាំង​ខ្សែ​វីដេអូ រឿង "តើ​នរណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" របស់​សហ​ភាព​សហជីព​កម្ពុជា នៅ​ព្រលប់​ថ្ងៃ​ទី​១ ឧសភា ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំ​ពេញ​ហាម​មិន​ឱ្យ​បញ្ចាំង​ទេ បន្ទាប់​ពី​សម្ភារៈ​សម្រាប់​បញ្ចាំង​ត្រូវ​អាជ្ញាធរ​នគរបាល​ដក​ហូត។

ការ​ប៉ុន​ប៉ង​បញ្ចាំង​ខ្សែ​វីដេអូ របស់​សហ​ភាព​សហជីព​កម្ពុជា រឿង "តើ ​នរណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" មិន​បាន​សម្រេច​ទេ ពី​ព្រោះ​ការ​ប៉ុន​ប៉ង​នេះ ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង និង​ដក​ហូត​យក​សំពត់​ស​សម្រាប់​បញ្ចាំង កាល​ពី​ព្រលប់​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១០។

អភិបាល​រង​ខណ្ឌ​ចំការមន លោក ជរ គឹម​ស៊ បាន​ប្រាប់​ហេតុ​ផល ក្នុង​ការ​រារាំង ដល់​ក្រុម​សហ​ភាព​សហ​ជីព​កម្ពុជា​ថា ព្រោះ​តែ​ការ​បញ្ចាំង​វីដេអូ​នេះ មិន​មាន​ការ​អនុញ្ញាត​ពី​សាលា​ក្រុង​ភ្នំពេញ ហើយ​លោក​ថ្លែង​បន្ត​ថា ៖ «មាន ​លិខិត​អនុញ្ញាត លោក​អាច​ធ្វើ​បាន។ បើ​សិន​ជា​មិន​មាន​លិខិត​អនុញ្ញាត ខាង​យើង​ខ្ញុំ​មិន​អនុញ្ញាត​ជូន​ទេ។ លោក​អ្នក​សារព័ត៌មាន​ឃើញ​ស្រាប់​ហើយ តើ​ចរាចរណ៍​នៅ​ទី​នេះ​យ៉ាង​ម៉េច? បើ​សិន​ជា​លោក​មាន​លិខិត​អនុញ្ញាត យើង​ខ្ញុំ​អនុញ្ញាត​ជូន បើ​សិន​ជា​មិន​មាន យើង​ខ្ញុំ​មិន​បាន​អនុញ្ញាត​ជូន​ទេ»

លោក ជរ គឹម​ស៊ មាន​ប្រសាសន៍​ថា ប្រសិន​បើ​មាន​លិខិត​អនុញ្ញាត លោក​នឹង​ជួយ​ក្នុង​ការ​កក​ស្ទះ​ចរាចរណ៍។

ប្រធាន​សហ​ភាព​សហ​ជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា ការ​ដាក់​បញ្ចាំង​ខ្សែ​វីដេអូ រឿង "តើ​នរណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" នេះ លោក​បាន​ជូន​ដំណឹង និង​ជួប​ប្រជុំ​នៅ​សាលា​ក្រុង​ភ្នំពេញ​ហើយ ក៏​ប៉ុន្តែ សាលា​ក្រុង​បាន​បដិសេធ​ការ​អនុញ្ញាត។ លោក​ថ្លែង​ថា លោក​មាន​ការ​សោក​ស្ដាយ នៅ​ពេល​ដែល​មាន​ការ​រារាំង​ពី​នគរបាល និង​អាជ្ញាធរ​ខណ្ឌ​ចំការមន​ដូច្នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក រ៉ុង ឈុន បាន​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ផ្ដល់​កន្លែង ដើម្បី​បាន​បញ្ចាំង​វីដេអូ រឿង "តើ ​នរណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" នេះ ពី​ព្រោះ​លោក​ចង់​ឱ្យ​សាធារណជន បាន​ទស្សនា​ខ្សែ​វីដេអូ​នេះ ដោយ​លើក​ហេតុ​ផល​ថា ៖ «ការ​បញ្ចាំង​វីដេអូ​ នេះ វា​ជា​ភស្តុតាង​មួយ សម្រាប់​អាជ្ញាធរ​ទៅ​ធ្វើការ​ស្វែង​រក​ចាប់​ឃាតក​ពិត ហើយ​ជា​ការ​ព្រមាន​ទៅ​ដល់​ឃាតក ឈប់​ប្រព្រឹត្ត​នូវ​អំពើ​ឃាតកម្ម មក​លើ​មេ​ដឹក​នាំ​សហ​ជីព មេ​ដឹក​នាំ​នយោបាយ លើ​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​សិល្បការិនី»

ទាក់​ទង​នឹង​ការ​រារាំង​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ក្នុង​ការ​មិន​ឱ្យ​បញ្ចាំង​ខ្សែ​វីដេអូ​នេះ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ត្រូវ​មាន​វិធានការ​ហាម​ឃាត់ ហើយ​មិន​គួរ​ខ្លាច​ការ​ពិត​ទេ ៖ «បើ​សិន​ណា​ហាម​ឃាត់ បាន​ន័យ​ថា រដ្ឋាភិបាល​អត់​ទទួល​ស្គាល់​ការ​ពិត គេច​ពី​ការ​ពិត ហើយ​អាច​នៅ​ពី​ក្រោយ​ការ​កាប់​សម្លាប់ ពី​ព្រោះ​ការ​ឈឺ​ចាប់​របស់​គ្រួសារ របស់​កម្មករ ឈឺ​ចាប់​ណាស់ ។ បើ​សិន​ជា​យើង​រក​មិន​ឃើញ គួរ​តែ​ឱ្យ​ដឹង​រឿង​ហ្នឹង​ផង តើ​វា​ដល់​ណា៎​អី​ដល់​ណា»

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី មួយ​រូប​ទៀត លោក​ស្រី មូរ សុខ​ហួរ បាន​ថ្លែង​ថា វីដេអូ​ឯកសារ "តើ​នរណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" នេះ ត្រូវ​គេ​បញ្ចាំង​នៅ​ប្រទេស​ដទៃ​មួយ​ចំនួន​ហើយ ដូច​ជា​សហ​រដ្ឋ​អាមេរិក​ជា​ដើម ហើយ​ខ្លឹម​សារ​សំខាន់​នៅ​ក្នុង​វីដេអូ គឺ​មាន​ចម្លើយ​សាក្សី ដែល​បាន​ឃើញ​ឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤ នោះ។

លោក​ស្រី​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ប្រសិន​បើ​រដ្ឋាភិបាល​យើង មាន​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​យក​ភស្តុតាង​ទាំង​អស់​នេះ មាន​បង​ស្រី​ម្ចាស់​តូប មាន​អ្នក​សាក្សី​ជា​ច្រើន​ទៀត យក​ចម្លើយ​ទាំង​អស់​នេះ យក​មក​ផ្គុំ​គ្នា ឃាតក​យើង​ដឹង​ៗ ច្បាស់​ណាស់ ហើយ​ឃាតក​នោះ​មិន​មែន​ឃាតក ដែល​សម្លាប់​នោះ​ជា​ឃាតក​ពិត​ប្រាកដ​ទេ។ យើង​ចង់​ឱ្យ​អ្នក​ណា​បញ្ជា​ពិត​ប្រាកដ»

បើ​ទោះ​ជា​ដូច្នេះ​ក្ដី មន្ត្រី​សហ​ភាព​សហ​ជីព​កម្ពុជា និង​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី បាន​បោះ​បង់​ចោល​ការ​ប៉ុន​ប៉ង​បញ្ចាំង​វីដេអូ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ព្យាយាម​រឹប​អូស​យក​ក្រណាត់​សំពត់​ស សម្រាប់​បញ្ចាំង​ជា​លើក​ទី​ពីរ។ ពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា បើ​ទោះ​ជា​អាជ្ញាធរ​កម្ពុជា បាន​រារាំង​ការ​ដាក់​បញ្ចាំង​ជា​សាធារណៈ​ដូច្នេះ​ក្ដី ក៏​គាត់​អាច​ទស្សនា​វីដេអូ រឿង "តើ​នរណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" នៅ​ក្នុង​ទំព័រ​វ៉ឹបសៃថ៍​បាន​ដែរ៕

No comments:

Post a Comment