មនុស្ស២នាក់នៅរតនគិរីស្លាប់ដោយសារជំងឺ រាកក្អួត
ដោយ រដ្ឋា វីសាល
2010-05-07
ស្ត្រីជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីចំនួន ២នាក់បានស្លាប់បន្តគ្នាក្នុងរយៈពេលតែ ២ថ្ងៃ ដោយសារជំងឺឆ្លងរាកក្អួត។ ក្រុមមន្ត្រីផ្នែកសុខាភិបាលខេត្តបានចាត់ទុកករណីនេះថា ជាករណីជំងឺរាកក្អួតដ៏ធ្ងន់ធ្ងរ ដែលកើតឡើងសាជាថ្មីនៅតំបន់ជនជាតិដើមភាគតិច។
គ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ដល់ អ្នកជំងឺរាកក្អួត នៅមន្ទីរពេទ្យបង្អែក ក្នុងខេត្តក្រចេះ កាលពីថ្ងៃ២៥ មីនា ២០១០។
អនុប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត ថា ប៊ុនថាក់ ឲ្យដឹងថា ក្រុមគ្រូពេទ្យត្រូវបានចាត់ឲ្យទៅសង្គ្រោះអ្នកភូមិជាបន្ទាន់ កាលពីថ្ងៃព្រហស្បតិ៍។ លោកថ្លែងថា លោកនៅមិនទាន់ដឹងទេថា តើជំងឺរាកក្អួតដ៏សាហាវនេះកំពុងរីករាលដាលដល់អ្នកភូមិផ្សេងទៀត នោះ។
លោកវេជ្ជបណ្ឌិត ថា ប៊ុនថាក់ បានបញ្ជាក់ថា ៖ «យកកម្លាំងគ្រូ ពេទ្យពីមន្ទីរពេទ្យបង្អែកមួយ ពីមន្ទីរសុខាភិបាលមួយ យកទៅទប់។ ទំហំនៃអ្នកជំងឺហ្នឹង រាកក្អួតហ្នឹងផ្ទុះឡើងតែម្ដង។ ឥឡូវហ្នឹងយើងកំពុងតែដឹកជញ្ជូនថ្នាំទៅបន្ថែមទៀត ដោយសារសន្ទុះនៃការផ្ទុះហ្នឹងវាដូចជាខ្លាំងក្លាដែរណា៎! ប្រជាជនឈឺច្រើន។ គ្រូពេទ្យយើងកំពុងតែសម្រុកក្នុងការព្យាបាល ប៉ុន្តែឥឡូវយើងកំពុងតែខ្វះខាតថ្នាំសង្កូវ។ ឥឡូវកំពុងតែរត់មករកលោកឱសថការីខាងឃ្លាំងមន្ទីរសុខាភិបាល ដើម្បីឲ្យគាត់ជួយដោះស្រាយជាបន្ទាន់!»។
អ្នកភូមិម្នាក់ឈ្មោះ ជុ សាវាត ឲ្យដឹងថា ការផ្ទុះចេញនូវអាការៈរាកក្អួតនេះ កើតមាននៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ បន្ទាប់ពីមានពិធីសែនព្រេនមួយនៃសហគមន៍ជនជាតិក្នុងតំបន់នោះ កាលពីដើមខែឧសភា ហើយមួយថ្ងៃបន្ទាប់មកអ្នកភូមិជាច្រើននាក់ដែលបានទៅបរិភោគអាហារ ក្នុងពិធីសែនព្រេន ចាប់ផ្ដើមរាក និងក្អួត ដែលបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ក្នុងរយៈពេលតែ ២ម៉ោង ទៅ ៣ម៉ោងប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ជំងឺរាកក្អួតបានរាលដាលពេញភូមិ ហើយបណ្ដាលឲ្យអ្នកភូមិប្រមាណ ៣០នាក់រងគ្រោះ ដោយសារការរាកក្អួតនោះ។ អ្នកភូមិដដែលបន្តថា ស្ត្រីម្នាក់ទៀតបានឆ្លងជំងឺរាកក្អួតនេះ ហើយស្លាប់នៅពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី៥ ខែឧសភា បន្ទាប់ពីស្ត្រីរូបនោះត្រឡប់មកពីទីកំដរសពអ្នកស្លាប់ទី១ ៖ «សែន ចម្ការ មិនដឹងវាស៊ីស្អី! រាកអាហ្នឹង បន្តគ្នាហ្នឹង! ម្សិលមិញឡាន២ជើងយកទៅខេត្តហើយ។ មិញពួកខាងសុខាភិបាលគេចុះទៅទៀត ចុះទៅដល់ភូមិហ្នឹង គេរៀបចំពេទ្យគេទៅសង្គ្រោះ»។
ចំណែកប្រធានមន្ទីរពេទ្យខេត្តរតនគិរី លោក ហ៊ុន ផានសុគន្ធា បញ្ជាក់ថា អ្នកភូមិដែលរងការប៉ះទង្គិចដោយការរាកក្អួតមានសភាពធ្ងន់ធ្ងរ ចំនួន ៨នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកបន្តថា ភ្លាមៗនេះដែរ មន្ទីរសុខាភិបាលខេត្តបានបញ្ជូនថ្នាំពេទ្យបន្ថែម ទៅកាន់តំបន់ដែលផ្ទុះចេញនូវជំងឺរាកក្អួតដ៏កាចសាហាវ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ឧសភានេះ៕
No comments:
Post a Comment